បុរសបែកថ្នាំម្នាក់ប្រើដុំថ្មគប់ធ្លុះទ្វារស័ង្កសីនិងខូចកៅអីជ័រ ពេលនេះត្រូវឃាត់ខ្លួន…ភ្នំពេញ ៖ បុរសបែកថ្នាំម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈប្រើដុំថ្មគប់ធ្លុះទ្វារស័ង្កសីនិងខូចកៅអីជ័រ ចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ» នៅផ្ទះលេខ៣៨ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧ មីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីយប់។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យ៉ា សាលី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
ចំណែកជនសង្ស័យឈ្មោះ គង់ ស៊ីហ៊ុយ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង ដើរមកដល់យកកៅអីជ័រជនរងគ្រោះ០២ បោកលើដីបែក ហើយយកដុំថ្មគប់ផ្ទះជនរងគ្រោះ បណ្តាលឱ្យធ្លុះទ្វារស័ង្កសីនិងកំពិតជាច្រើនកន្លែង រួចគប់ជនរងគ្រោះថែមទៀតតែមិនត្រូវ ,ពេលនោះជនរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕
COMMENTS