នាំគ្នាជិះយន្តហោះទៅ​កែសម្ផស្សនៅកូរ៉េ ពេលត្រឡប់មកវិញ បែរចេញមិនរួចព្រោះតែហេតុផលហួសចិត្ត

ស្អាតពេកប៉ូលីសមើលមិនស្គាល់ទម្រង់មុខដើម ស្ត្រី​ជនជាតិ​ចិន​ ៣នាក់ ​បាន​ជាប់​គាំង​នៅ​ព្រលាន​យន្តហោះ​ពេល​រៀប​ចំហោះ​ចេញ​មកផ្ទះ​វិញ បន្ទាប់​ពី​ទទួល​ការ​វះកាត់​កែ​សម្ផស្ស ​ធ្វើ​ឲ្យ​ពួក​គេ​មាន​មុខ​មាត់​ខុស​ស្រឡះ​មិន​ដូច​ពី​មុន។

ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ដើម្បី​វះកាត់​កែ​សម្ផស្ស ប៉ុន្តែ​ជា​អកុសល​មិនអាច​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញបាន ដោយសារតែ​មុខ​មាត់​ពួក​គេ​ខុសពី​រូបថតក្នុង​លិខិត​ឆ្លងដែន។

តាម​ប្រភព​នារី​ទាំង ៣​នាក់ មក​ពីប្រទេស​ចិន ​ក្រោយ​ពី​ធូរស្បើយពីមុខ​របួស​ខ្លះ ពួក​គេ​​សម្រេច​ចាក​ចេញ​ទៅ​ប្រទេស​កំណើត​ទាំង​មុខ​ហើម និង​បង់រុំជុំវិញ​ក្បាល។ យោង​តាម​សារព័ត៌មាន​ចិន ​មុខ​មាត់​ពួក​គេ​មើល​ទៅ​មិន​ដូចនឹង​រូប​ថត​លិខិតឆ្លង​ដែន​បន្តិច​សោះ​ឡើយ។

ទោះបីជាមាន​សំបុត្រ​បញ្ជាក់ ​និង​ឯកសារ​ក៏​ហើយ​ក្ដី ​អ្នក​ទាំង​បីមិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​ពួក​គេ​ជា​មនុស្ស​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ក្នុង​លិខិត​ឆ្លង​ដែន​បាន​ឡើយ ​ដោយ​សារ​ក្រោយ​ព្យាបាល​ មុខ​របស់​ពួក​គេ​នៅ​ហើម​ខ្លាំង។ ​តាម​រយៈ​រូប​ថត​ដែល​គេ​លួច​ប្រមាញ់​បាន ​ពួក​គេ​មាន​ទាំង​លិខិត​ឆ្លង​ដែន​ក្នុង​ដៃ ​ឥវ៉ាន់​ត្រៀម​រួច​ជា​ស្រេច ​កំពុង​រង់​ចាំ​នៅ​ការិយាល័យ​អន្តោប្រវេស​ប្រទេស​កូរ៉េ។ ​ក្រោយ​មក​គេ​មិន​ទាន់​ដឹង​ថា ​ពួក​គេ​ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ចាក​ចេញ ឬ​រង់​ចាំ​មុខ​របួស​ជា​សះស្បើយ​ដូច​ដើម​សិន​នោះ​ទេ៕

រូប​ថត​ពួក​គេ​ ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន​ និង​ទទួល​បានការ​ចូលចិត្ត​ជិត ៧​ម៉ឺន​នាក់​ និង​ចែក​រំលែក​បន្ត​ជិត​ ៣​ម៉ឺន​ដង។ កូរ៉េខាង​ត្បូង ជា​ប្រទេស​គោលដៅ​សម្រាប់ស្ត្រីជនជាតិ​ចិន​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កែសម្ផស្ស​ជិត​ពីរ ២​ទសវត្សរ៍​​ចុង​ក្រោយ​នេះ​ហើយ៕

Reply