ជីវិតគឺជាការតស៊ូ! ប្តីជាអ្នករុញរទេះ ប្រពន្ធជាជនពិការលក់សៀវភៅ និងវត្ថុអនុស្សាវរីយ៍ សុខចិត្តរកបានមួយពេលញ៉ាំមួយពេល ក៏មិនលើកដៃសុំទានគេ

ជីវិតមនុស្សគឺជាការតស៊ូ ដោយវាសនាមនុស្សម្នាក់ៗកើតមកគឺពុំដូចគ្នានោះឡើយ។ ជាក់ស្តែងជីវិតប្តីប្រពន្ធមួយគូដែលមានទុក្ខលំបាកវេទនា រស់នៅតាមសំយ៉ាបផ្ទះគេរកព្រឹកខ្វះល្ងាច ប៉ុន្តែនៅតែតស៊ូប្រកបរបររកស៊ីដោយមិនលួចឆក់ប្លន់គេបានធ្វើឲ្យមហាជនកោតសរសើរ និងរំជួលចិត្តជាខ្លាំង។ អ្នកស្រី ឃួន យឿន ដែលជាជនពិការស្វិតជើងពីកំណើត មានមុខរបរសព្វថ្ងៃជាអ្នកលក់សៀវភៅ និងវត្ថុអនុស្សាវរីយ៍ បានរៀបរាប់ឲ្យដឹងថា អ្នកស្រីជាកូនពៅក្នុងគ្រួសារដែលមានកូន៦នាក់។ ជាអកុសល ឪពុកម្តាយ និងបងប្រុសចំនួន៤នាក់ បានស្លាប់នៅក្នុងសម័យប៉ុលពត បន្សល់ទុកឲ្យអ្នកស្រីរស់នៅជាមួយបងប្រុសម្នាក់។

ដោយជីវភាពលំបាកវេទនាអ្នកស្រីបានឡើងមករស់នៅភ្នំពេញ ដោយប្រកបរបរសុំទានគេតាមផ្សារ។ ជារៀងរាល់យប់អ្នកស្រីទៅដល់កន្លែងណា អ្នកស្រីសំរាកទីនោះ ដោយអ្នកស្រីជាជនពិការ និងពុំមានផ្ទះសម្បែងធ្វើឲ្យអ្នកស្រីពុំសូវបានងូតទឹកសម្អាតកាយគ្រប់គ្រាន់ រហូតទទួលបានពាក្យរិះគន់ និងការរើសអើងពីអ្នកដទៃ។ ក្រោយមកអ្នកស្រីបានជួបនឹងស្វាមីលោក សេង មឿន ដែលជាអ្នកមើលថែទាំអ្នកស្រី និងសម្រេចចិត្តយកគ្នាជាប្តីប្រពន្ធកាលពីឆ្នាំ២០០១ ដោយសារការបង្អាប់របស់អ្នករស់នៅជុំវិញខ្លួន។ ទោះបីស្នេហាប្តីប្រពន្ធមួយគូនេះកើតចេញពីការបង្អាប់ក៏ពិតមែន ក៏អ្នកស្រី និងស្វាមី មានចិត្តស្មោះស្ម័គ្រគ្នាចាប់ដៃតស៊ូរហូតបានលុយទិញសៀវភៅ និងវត្ថុអនុស្សាវរីយ៍ដើម្បីលក់ទុកយកប្រាក់កម្រៃ។

សព្វថ្ងៃជីវភាពអ្នកស្រី និងស្វាមី គឺពុំសូវមានប្រាក់កាក់នោះឡើយ ដោយអ្នកទាំងពីររស់នៅតាមសំយ៉ាបផ្ទះគេ ពេលយប់ឡើងមានភ្លៀងក៏ពិបាកសម្រាក បើគ្មានភ្លៀងទេអ្នកស្រីក៏គេងបានស្កប់បន្តិច។ ទោះបីជីវភាពលំបាក និងជាជនពិការក្តីក៏អ្នកស្រីមិនអស់សង្ឃឹម បោះបង់ចោលការតស៊ូនោះឡើយ អ្នកស្រីនូវតែប្រកាន់គំនិតរកស៊ីស្របច្បាប់មិនលួចឆក់ប្លន់គេ។ អ្នកស្រីសង្ឃឹមថាបងប្អូនបងប្អូនទាំងអស់គ្នាកុំរើសអើងជនពិការអី បើបានជួបពួកគាត់កុំភ្លេចជួយទិញទំនិញពួកគាត់ផង ព្រោះគាត់រកដើម្បីបានបាយហូបតែប៉ុណ្ណោះ៕ ប្រភព៖ khmernote

Reply